ការតាំងចិត្ត និង ក្តីសង្ឃឹមនៃថ្ងៃអនាគតរបស់អ្នកស្រលាញ់ភេទដូចគ្នា

10888933_707500942699611_4034154126702246131_n

យុវជន ទីណា និស្សិតគណនេយ្យ ប្រភពរូបភាព ៖ បណ្តាញសង្គមហ្វេសប៊ុក

ភ្នំពេញ៖ ជាកូនច្បងនៅក្នុងគ្រួសារ ដែលមានសមាជិកចំនួន២នាក់ នៅឯខេត្តកណ្តាល យុវជន លាង យី ហើយមានឈ្មោះហៅក្រៅថា ទីណា មានការអំណត់អត់ធន់នៅក្នុងគ្រួសារ។ យុវជន ទីណា មានភេទ ពីកំណើតជាមនុស្សស្រី ហើយចាប់ពីពេលដែល ទីណា បានដឹងច្បាស់ថាខ្លួនមានរូបរាងជាស្រី តែអត្តចរិកជាមនុស្សប្រុស នៅពេលដែលមានអាយុ ៥ ទៅ ៦ឆ្នាំ។ ដោយមើលទៅលើការស្លៀកពាក់ គឺ កុមារី ទីណា ចូលចិត្តស្លៀកខោអាវ បែបជាមនុស្សប្រុស រលុងៗ ខុសពីកុមារ ដទៃ។ ទីណា មានអារម្មណ៍ផ្លូវភេទ ដែលស្រលាញ់ស្រីដូចគ្នា ដែលជាធម្មជាតិរបស់គាត់ អំឡុងពេលដែល ទីណា រៀនថ្នាក់ទី១១ ដោយសារតែបានជួបនឹងមនុស្សស្រីម្នាក់នៅក្នុង បណ្តាញសង្គមហ្វេសប៊ុក ដោយពេលនោះ យុវជន ទីណា មានអារម្មណ៍ខុសពីមិត្តភក្តិធម្មតា ហើយ ទីណា ចាត់ទុកស្ត្រីនោះជាដៃគូស្នេហ៍របស់គាត់ មិនគ្រាន់តែរាប់ជាមិត្តធម្មតានោះទេ ហើយស្ត្រីម្នាក់នោះក៍ស្រលាញ់ទីណាវិញដែរ គឺដោយចិត្តនិងចិត្ត ។ បច្ចុប្បន្ន យុវជន ទីណា រស់នៅតែម្នាក់ឯង (ផ្ទះជួល) ដោយសារតែខ្លួនមានការតាំងចិត្តត្រូវបន្តការការសិក្សានៅភ្នំពេញ។ ដែល ធីណាជានិស្សិតឆ្នាំទី២ហើយ ផ្នែកគណនេយ្យ (Accounting ) ក្រោយពីបានបញ្ចប់ថ្នាក់វិទ្យាល័យ និងប្រលងជាប់សញ្ញាប័ត្រទុរិយភូមិបានដោយជោគជ័យ ក្នុងឆ្នាំ (២០១២-២០១៣)។ ដោយការស្រលាញ់ ផ្នែកគណនេយ្យ ហើយ យុវជន ទីណា ក៏មានទេពកោសល្យខាងផ្នែកដែលទាក់ទងនិងការគិតលេខស្រាប់ មិនតែប៉ុននោះក៏មានការជំរុញ ពីអ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ផងដែរ ដោយគិតថាងាយស្រួលធ្វើការថ្ងៃអនាគត និង អាចរកស៊ីបានដោយខ្លួនឯង។ យុវជន ទីណា គឺជាមនុស្សម្នាក់ដែលមានភាពក្លាហានមែនទែន ដោយបានយករឿងដែល ទីណាស្រលាញ់ភេទដូចគ្នា ទៅប្រាប់ប្អូនស្រី និង បងជីដូនមួយ

របស់ខ្លួនដែលមានអាយុស្មើៗគ្នា ដោយបានលើកហេតុផលថា ‌‌«បើយើងលាក់គាត់ក៏លាក់មិនជិតដែរ» ពេលនោះប្អូនស្រីរបស់ ទីណា ក៏បានប្រាប់ថា «ធ្វើអ្វីធ្វើទៅព្រោះជាសិទ្ធិរបស់បង តែគិតដល់ម៉ាក់ផង» រីឯបងប្អូនជីដូនមួយរបស់ធីណាក៏បានលើកមតិមួយដែរថា «ការដែលស្រលាញ់ភេទដូចគ្នាបានតែអ្នកមានទេទើបអាចធ្វើបាន» អ្វីដែលគួរអោយមាមោតនៈសម្រាប់ យុវជនទីណា គឺបងប្អូនជីដូនមួយរបស់គាត់ គឺនៅតែគោរព ស្រលាញ់និងរាប់អានគ្នា ធម្មតា។   យុវជន ទីណា បានបន្ថែមទៀតថា ៖ «រីឯមិត្តភក្តិរបស់ខ្ញុំបានប្រាប់ទៅពួកគាត់ផងដែរថា ខ្ញុំស្រលាញ់ភេទដូចគ្នា ដូច្នេះខ្ញុំមិនស្រលាញ់អ្នកទាំងអស់គ្នាដែលជាមិត្តភក្តិរបស់ខ្ញុំដែលស្រលាញ់ភេទផ្ទុយគ្នានោះទេ» ។ អ្វីដែលជាមតិរបស់មិត្តរួមថ្នាក់របស់ យុវជន ទីណា ក៍បានលើកឡើងថា « ខ្ញុំគាំទ្រ និងរាប់អានធម្មតា ពីព្រោះនេះសិទ្ធិរបស់ទីណាឯង» មិនតែប៉ុននោះ ក៏មានមតិរិះគន់ផងដែរពីសំណាក់មិត្តភក្តិផ្សេងទៀតដែរ « អត់ខ្លាចម៉ែ អត់មានអ្នកតពូជទេ ហ » «ទៅស្រលាញ់ស្រីធ្វើអី គេបានត្រឹមតែបោកនោះទេ» ពេលនោះ យុវជន ទីណា គិតថា «ម្តាយខ្ញុំមិនមែនមានកូនតែមួយឯណា គឺមានប្អូនស្រីគាត់អាចបន្តពូជបាន ហើយសម្រាប់ការដែលស្រលាញ់គ្នា គឺ ទីណា ស្រលាញ់ដោយចិត្តនិងចិត្ត មិនមែនការដែលគេងជាមួយគ្នា ទើបហៅការស្រលាញ់នោះទេ ហើយខ្ញុំក៏មិនបំផ្លាញគ្រួសារ យកលុយចាយខ្ជះខ្ជាយ គឺយើងទាំងពីរខិតខំ ធ្វើការ និង ប្រឹងប្រែងរៀន ដើម្បីអនាគតពេលដែលរកស៊ីហើយសន្សំលុយ ហើយក៏អាចជួយគ្រួសារថែមទៀតផង » ។   មតិរបស់យុវជន ទីណា សម្រាប់សំណូមពរ « ចង់អោយអាណាព្យាបាល ដែលជាឪពុកម្តាយ ទទួលស្គាល់កូនរបស់ខ្លួនឯង កុំអោយគិតថាគ្រាន់តែជាការធ្វើតាមគ្នា ឃើញគេធ្វើចង់ធ្វើតាមគ្នា នេះជាអត្តចរិកពីធម្មជាតិពីកំណើតពីអាយុ ៥ឆ្នាំ មកម្លេះ » » ចង់អោយសង្គមខ្មែរ បង្កើតច្បាប់អោយអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយគ្នាបាន» «កុំអោយមានការបង្ខំអោយរៀបការជាមួយអ្នកដទៃ ឬបង្ខាំងកូន ព្រោះវាអាចប៉ះពាល់នៅពេលដែលរៀបការហើយ ធ្វើអោយគ្រួសារគ្មានសុភមង្គល ដោយបានកុហសគ្រួសារម្ខាងទៀត ដែលជាដែគូ ហើយពេលកូនកើតមកគឺកុហសកូនរបស់ខ្លួនឯងម្តងទៀត ធ្វើអោយគ្រួសារពោពេញទៅដោយការកុហក » ។   យុវជន ទីណា យល់ថា សង្គមខ្មែរបច្ចុប្បន្នទៅលើបញ្ហាភេទដូចគ្នា គឺមានការរើសអើងច្រើន ពីព្រោះមនុស្សទូទៅគិតទៅលើអ្នកស្រលាញ់ភេទដូចគ្នា ជាមនុស្សបំពុលបរិយាកាសសង្គម ដើរលេងច្រើន ការរៀនសូត្រអត់ចេះ ។ យុវជន ទីណា ដែលជាអ្នកស្រលាញ់ភេទដូចគ្នា បានផ្តល់ជាអនុសាសន៍ថា «យើងគួរតែខិតខំប្រឹងប្រែងរៀន អោយលិចធ្លោ ជាងគេនៅក្នុងថ្នាក់ , ធ្វើឥរិយាបថរបស់ខ្លួនឯងអោយសមរម្យ ដោយចេះគោរពចាស់ទុំព្រោះគាត់ចាស់ជាងយើង , ធ្វើជាពលរដ្ឋល្អ ដោយមិនជក់គ្រឿងញៀនព្រោះវាអាចអោយប៉ះពាល់ដល់សុខភាព បំផ្លាញលុយគ្រួសារ មិត្តភក្តិឃ្លាតឆ្ងាយពីយើង និងមនុស្សដែលយើងស្រលាញ់ក៏ត្រូវឃ្លាតឆ្ងាយដូចគ្នា , អ្នកស្រលាញ់ភេទដូចគ្នាត្រូវ ធ្វើការងារណាដែលល្អ សុច្ចរិត ដោយមិនលួច ឆក់ប្លន់ អ្នកដទៃ ហើយអ្នកស្រលាញ់ភេទដូចគ្នាក្នុងសង្គមខ្មែរបច្ចុប្បន្នគួរតែមានការចូលរួមក្នុងសង្គមអោយកាន់តែច្រើនឡើង សម្រាប់ជួយអភិវឌ្ឍប្រទេសយើង » សូមបញ្ជាក់ យុវជន ទីណា ដែលជានិស្សិតគណនេយ្យ និងជាអ្នកស្រលាញ់ភេទដូចគ្នា គឺធ្លាប់បានចូលរួមការងារក្នុងសង្គមដោយការសម្អាតបរិស្ថាននៅទីក្រុងកំពង់ចាម អំឡុងឆ្នាំ២០១២ជាមួយមិត្តរួមថ្នាកវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ ដោយ ធីណាគិតថា ការសម្អាតបរិស្ថាន គឺអាចធ្វើអោយមើលទៅគឺស្អាតក្នុងទីក្រុង ហើយក៏អាចអោយអ្នកដែលបោះសំរាមចោលគេបានឃើញ និងក៏ជាគំរូល្អសម្រាប់ពួកគេផងដែរ។